ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង
បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA
និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ
ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់
ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។
ឯកឧត្តមអភិសន្តិបណ្ឌិត
បានជំរុញណែនាំយ៉ាងដូច្នេះ
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ
បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង
នៅសាលប្រជុំសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា លទ្ធផលនៃការប្រឡងកន្លងមកនេះ និងតទៅមុខទៀតក្ដី ទោះបីជាប់
ឬធ្លាក់គឺមិនទាន់បានកំណត់នូវជោគវាសនា ឬអនាគតរបស់ខ្លួនបានឡើយ
ប្រសិនបើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាពក្រេបយកចំណេះដឹងបន្ថែម
ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមទីផ្សារការងារ
ដែលកំពុងត្រូវការនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត
ក៏បានឆ្លៀតថ្លែងអំណរគុណភាគីពាក់ព័ន្ធដែលបានចូលរួមពង្រឹងគុណភាពអប់រំនៅខេត្តព្រៃវែង
ជាពិសេសការបង្រៀនបំប៉នពីសំណាក់លោកគ្រូ អ្នកគ្រូ ស័្មគ្រចិត្ត
ដែលទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង
ព្រមទាំងការជំរុញបន្ថែមពីឪពុកម្ដាយ អាណាព្យាបាល
និងការស័្វយសិក្សាស្រាវជ្រាវដោយខ្លួនឯងរបស់សិស្សានុសិស្ស។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា បានមានប្រសាសន៍ទៀតថា
ផ្លែផ្កានៃការអប់រំបណ្ដុះបណ្ដាលដល់សិស្សគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យ
រហូតដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
ព្រមទាំងការចាប់យកមុខជំនាញផ្សេងៗរបស់សិស្ស និស្សិត
រួមទាំងសិស្សមិនជាប់បាក់ឌុប គឺជាក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល
ទាំងនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ
និងបន្តមកដល់បច្ចុប្បន្ន គឺយុទ្ធសាស្ត្របញ្ចកោណ។
ឯកឧត្តមះភិសន្តិបណ្ឌិត
បន្តមានប្រសាសន៍ទៀតថា
ក្រោមការចូលរួមរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង
អាជ្ញាធរពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ គណៈគ្រប់គ្រង
លោកគ្រូ អ្នកគ្រូ
បាននិងកំពុងខិតខំបំពេញការងារប្រកបស្មារតីដោយយកចិត្តទុកដាក់
និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាអប់រំ
និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈគ្រប់ប្រភេទ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។
ក្នុងឱកាសនោះ
ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ជូនម៉ូតូ
ដល់សិស្សដែលទទួលបាននិទ្ទេស A ទាំង ១៥៤នាក់ ដោយក្នុងម្នាក់ៗ ម៉ូតូ ចំនួន
១គ្រឿង និងថវិកា ព្រមទាំងសម្ភារៈមួយចំនួនផងដែរ។
ជាមួយគ្នានោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិកា និងសម្ភារៈ ជូនដល់លោកគ្រូ
អ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ន ដោយឥតគិតថ្លៃ
ដល់សិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ព្រមទាំងលោកនាយក
និងលោកស្រីនាយិកា សាលាដែលមានសិស្សទទួលបាននិទ្ទេស A ទាំង ២៧វិទ្យាល័យ
ក្នុងខេត្តព្រៃវែង។
សូមបញ្ជាក់ថា សិស្សជ័យលាភី
ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា
ឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង
៨៦.៦១% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់
សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១.៨៦៨នាក់
សិស្សនិទ្ទេស D ចំនួន ២.៩១២ នាក់ និងសិស្សនិទ្ទេស E មានចំនួន ២.៣៣៣នាក់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
បានផ្ដល់នូវការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេស A ចំនួន
១៥៤នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន
ព្រមទាំងផ្ដល់ជូនថវិកាជូននាយកសាលា និងលោកគ្រូ
អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២ (គ្រូបំប៉ន) ទាំង ២៣១នាក់ផងដែរ៕
Post a Comment