ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រមូលទិញ និងចែកចាយផលផលិតផលវារីវប្បកម្ម កសិដ្ឋានបង្កាត់ភ្ញាស់កូនត្រីពូជ និងកសិដ្ឋានចិញ្ចឹមត្រី ស្ថិតនៅខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងាររួមមាន លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល និងលោក លោកស្រីគម្រោងដៃគូអភិវឌ្ឍន៍ ដោយមានការចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង  នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានចុះពិនិត្យទីតាំងប្រមូលទិញ និងចែកចាយផលផលិតផលវារីវប្បកម្ម កសិដ្ឋានបង្កាត់ភ្ញាស់កូនត្រីពូជ និងកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ ត្រីទីឡាបយ៉ា ត្រីពោ និងត្រីប្រា ស្ថិតនៅក្រុងបាត់ដំបង និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។


 ក្នុងដំណើរនេះ ក្រុមការងារបានចុះពិនិត្យទីតាំងមួយចំនួន រួមមាន ទី១.ទីតាំងប្រមូលទិញ និងចែកចាយផលផលិតផលវារីវប្បកម្ម ទី២. កសិដ្ឋានសុភមង្គល និងកសិដ្ឋាន គឹម គឹមលី បង្កាត់ភ្ញាស់កូនត្រីពូជ និងចិញ្ចឹមត្រីប្រា ត្រីរ៉ស់ ត្រីទីឡាបយ៉ា នៅក្រុងបាត់ដំបង និងទី៣. កសិដ្ឋានចិញ្ចឹមត្រីប្រា ត្រីពោ របស់លោក ឯម ភី នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។


 នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីជំនាញ បានណែនាំអំពីបច្ចេកទេស ការបង្កាត់ភ្ញាស់កូនត្រីពូជ តាមលក្ខណៈបច្ចេកទេស និងបង្ហាញអំពីខ្សែច្រវាក់ផលិតកម្ម លើដំណើរការកាត់បន្ថយថ្លៃដើមផលិត និងចំណាយដើមទុនតិច ព្រមទាំងគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគាំទ្រ និងការអភិវឌ្ឍវារីវប្បកម្មកម្ពុជាជូនដល់ម្ចាស់កសិដ្ឋាន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
 ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និងគាំទ្រដល់ម្ចាស់កសិដ្ឋានឱ្យបន្តប្រកបមុខរបរវារីវប្បកម្ម តាមរយៈការបង្កាត់ភ្ញាស់ និងចិញ្ចឹមវារីសត្វគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ សំដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។


 ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា មន្ត្រីជំនាញជលផល ជាពិសេសរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តយកចិត្តទុកដាក់ផ្តល់គាំទ្របច្ចេកទេស និងដោះស្រាយបញ្ហា និងសំណូមពរនានា របស់បងប្អូនវារីវប្បករ ឬម្ចាស់កសិដ្ឋានបង្កាត់ភ្ញាស់ និងកសិដ្ឋានចិញ្ចឹមត្រី ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យមានទិន្នផល និងទទួលប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ៕










 


Powered by Blogger.