រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តផែនការ ៥ឆ្នាំ ដំណាក់កាលទី២ ដើម្បីពន្លឿនការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានគុណភាព
រដ្ឋាភិបាលកម្ពុជា
តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា
គ.ជ.អ.ប. គណៈកម្មាធិការ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការរយៈពេល
៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)
នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ដើម្បីបន្តរុញច្រានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ
ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋាន និងគុណភាពជីវិតប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(គ.ជ.អ.ប) បានអំពាវនាវដល់សាធារណជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល
និងវិស័យឯកជន ចូលរួមគាំទ្រ និងអនុវត្តផែនការនេះឱ្យសម្រេចបានជោគជ័យ។
ផ្អែកលើស្មារតីនៃផែនការថ្មីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ទៅកាន់បណ្ដាតួអង្គពាក់ព័ន្ធ។
ឯកឧត្តមអភិសន្តិបណ្ឌិត
បានសង្កត់ធ្ងន់ពីការពន្លឿនការផ្ទេរមុខងារ និងថវិកា
ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរុញច្រានការផ្ទេរមុខងារ
និងធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានលឿន
ព្រមទាំងបង្កើនការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីមូលដ្ឋាន
ដើម្បីធានាការទទួលខុសត្រូវខ្ពស់ ខណៈការលើកកម្ពស់សេវាច្រកចេញចូលតែមួយ
តួអង្គពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យបានលឿន
មានតម្លាភាព គ្មានការរើសអើង និងបើកទូលាយឱ្យសាធារណជន
និងសង្គមស៊ីវិលចូលរួមតាមដានត្រួតពិនិត្យ។
ជាមួយគ្នានេះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអំពីការពង្រឹងកិច្ចសហការអន្តរក្រសួង
ដោយបង្កើនការសម្របសម្រួលរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ
ដើម្បីធានាថាថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ
និងមានប្រសិទ្ធភាពបំផុត ស្របពេលដែលការចាត់ទុកកំណែទម្រង់ជាស្នូលយុទ្ធសាស្ត្រ
គ្រប់តួអង្គត្រូវបន្តដៅយកកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ
ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល
ព្រោះវាជាប់ពាក់ព័ន្ធផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា
ការដាក់ចេញផែនការ ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នេះ
ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ
ឱ្យមានសមត្ថភាព គណនេយ្យភាព និងភាពម្ចាស់ការខ្ពស់
ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ការដាក់ចេញផែនការនេះ
ជាការប្រតិបត្តិស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា
ឈរលើមូលដ្ឋាននៃមរតកដឹកនាំរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី
ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅពីការបម្រើសេវាសាធារណៈ៕

















Post a Comment