ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចាប់ផ្តើមម្ចាស់ការរៀបចំ និងជំរុញការកសាង និងការអនុវត្តផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ខ្លួន
ភ្នំពេញ
៖ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ សង្ឃឹម
និងជឿជាក់ថា ប្លង់គោលប្រើប្រាស់ដីដែលបានអនុម័តរួចនេះ
នឹងត្រូវបានចាត់ចែងអនុវត្ត
និងប្រើប្រាស់សម្រាប់ការរៀបចំផែនការតាមវិស័យនៅក្នុងក្រុង
ស្រុកទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត
និងតម្រង់ទិសដល់ការគិតគូររៀបចំគម្រោងអភិវឌ្ឍន៍នានា
និងឆ្លើយតបបានត្រឹមត្រូវនូវតម្រូវការចាំបាច់ជាអាទិភាព
និងបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ
បានមានប្រសាសន៍ថា
ការងារនេះជាការងារថ្មីមួយដែលរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើនពុំធ្លាប់បានរៀបចំ
និងចាត់ចែងអនុវត្ត ហេតុនេះ
ឯកឧត្តមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចាប់ផ្តើមម្ចាស់ការរៀបចំ
និងជំរុញការកសាង និងការអនុវត្តផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី
និងផែនការប្រើប្រាស់ដីរបស់ខ្លួន
និងចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ដើម្បីឱ្យការងាររៀបចំផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី
ផែនការប្រើប្រាស់ដី ការរៀបចំទីក្រុង និងទីប្រជុំជនសម្រេចបានឆាប់រហ័ស
និងមានប្រសិទ្ធភាពខ្ពស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស
ដើម្បីធានាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមនីយកម្ម និងស៊ីវិល័យ។
ជាមួយគ្នានេះ
ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី
បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់
ត្រូវចូលរួមប្រែក្លាយទស្សនទាននៃការរៀបចំភូមិគំរូ បុរីជនបទ
ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល
ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់
ដោយឈរលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
និងផែនការអភិវឌ្ឍន៍ជាក់ស្តែង
ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុមដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង
សុខភាពល្អ និងមានភាតរភាពជាបងប្អូន។
ពិធីបិទកិច្ចប្រជុំលើកដំបូង
របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ
នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៦ តុលា
២០២៥នៅទីស្តីការក្រសួង។
ផ្អែកលើរបៀបរបបការងារ
និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ
បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី
និងក្រោយពីការបង្កើតនូវបរិយាកាសគ្មានវិវាទនៅកម្ពុជា
ក្រសួងទាំងពីរបានងាកមកគិតគូរលើការងាររៀបចំដែនដី និងនគរូបនីយកម្ម
ដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូល។
ផ្តើមចេញពីថ្ងៃនេះ
យើងនឹងប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត
ទ្រនំសុភមង្គល ដោយមានការឯកភាពគ្នាធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី
កំណត់តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស
ការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន
បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ
ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ចទៅតាមសក្តានុពលតំបន់នីមួយៗដោយប្រើប្រាស់អ្វីដែលយើងមាន
ការរៀបចំលំហសាធារណៈ ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម
ដែលទាំងនេះគឺជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា
ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា
ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង
និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ។
កិច្ចប្រជុំនាពេលនេះ
មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងមហាផ្ទៃ ក្រសួងព្រះបរមរាជវាំង ក្រសួងសាធារណៈការ និងដឹកជញ្ជូន
ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី
និងនគរូបនីយកម្មថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ទីរ
និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាទីស្តីការក្រសួង៕
Post a Comment