ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន៣ទីតាំង ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់
នៅថ្ងៃទី១៩
ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងាររួមមានលោកជំទាវ ងិន
សូនាថ អនុរដ្ឋលេខាធិការ លោក ថាយ សុមុនី
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល និងលោក
លោកស្រីគម្រោងដៃគូអភិវឌ្ឍន៍ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត
លោកអភិបាលរងស្រុកបាកាន ជំទប់ទី១ ឃុំរំលេច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី
របស់វារីវប្បករ ចំនួន៣ទីតាំង ដែលគាំទ្រដោយគម្រោង CapFish Aquaculture/IT2។
ទីតាំងចំនួន៣ដែលក្រុមការងារបានចុះពិនិត្យនោះរួមមាន
ទី១. កសិដ្ឋានចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់ របស់លោក ពឿង ខេង
នៅភូមិរំលេច ឃុំរំលេច។ ទី២. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន របស់លោក
រុន គង់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ និងទី៣. កសិដ្ឋានចិញ្ចឹមត្រីប្រា
និងត្រីចម្រុះ របស់លោក សុត សឿន នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន
ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ
បានផ្តល់ការណែនាំដល់ម្ចាស់កសិដ្ឋានទាំង៣ទីតាំង អំពីបច្ចេកទេស
ការជ្រើសពូជ-ចំណី និងការគ្រប់គ្រងគុណភាពទឹកតាមបច្ចេកទេសវារីវប្បកម្ម។
បើតាមឯកឧត្តមរដ្ឋលេខាធិការ
ដំណើរនៃការចុះពិនិត្យកសិដ្ឋាននេះ គឺដើម្បីស្វែងយល់អំពីបញ្ហា សំណូមពរនានា
និងផ្តល់ការណែនាំបច្ចេកទេសដល់វារីវប្បករ សំដៅដល់ការធ្វើវារីវប្បកម្ម
ឬការចិញ្ចឹមត្រីឱ្យមានប្រសិទ្ធភាព ទទួលបានទិន្នផល និងចំណូលខ្ពស់។
ការធ្វើវារីវប្បកម្មតាមរយៈការចិញ្ចឹមវារីសត្វ
គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ
និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ជាចុងបញ្ចប់
ឯកឧត្តមរដ្ឋលេខាធិការ
បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេស
និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វារីវប្បករ
ឬម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឱ្យបានទាន់ពេលវេលា
សំដៅឱ្យការធ្វើវារីវប្បកម្មកាន់តែរីកចម្រើនថែមទៀត៕
Post a Comment