លោកបណ្ឌិត ទូច វណ្ណៈ ៖ រាជរដ្ឋាភិបាលកម្ពុជា គួរកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ពលីជីវិត បន្ទាប់ពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ត្រូវបានបញ្ចប់
ភ្នំពេញ
៖ នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត ទូច វណ្ណៈ (Touch Vannak)
បានបង្ហោះសារតាមរយៈផេកផ្លូវការរបស់ខ្លួន ដោយដាក់ចំណងជើងថា
“រាជរដ្ឋាភិបាលកម្ពុជា គួរកសាងរូបសំណាក
ឬស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ពលីជីវិត
បន្ទាប់ពីជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ ត្រូវបានបញ្ចប់”។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត ទូច វណ្ណៈ ៖
ក្នុងនាមពលរដ្ឋខ្មែរ
១រូប ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកម្ពុជារបស់យើង មានថ្នាក់ដឹកនាំ
ប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យវែងឆ្ងាយ ក្នុងការដឹកនាំ
និងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារប្រជាជន
ប្រឈមនឹងការឈ្លានពានរបស់បរទេស។
ជាងនេះទៅទៀត
ខ្ញុំក៏សូមគោរពនិងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់វីរយុទ្ធជន
ឈរជើងនៅសមរភូមិជួរមុខទាំងអស់ ដែលបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ
ធ្វើពលិកម្មដើម្បីជាតិ មាតុភូមិ ជាទីស្រឡាញ់នៃយើង។
ខ្ញុំ
និងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស
ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនទាំងអស់
ពិសេសចំពោះអ្នកដែលបានពលីជីវិតនៅក្នុងសមរភូមិ។
ដើម្បីជាការរំលឹកដល់វីរយុទ្ធជនស្នេហាជាតិទាំងអស់នោះ
ក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំសូមគោរពស្នើដល់រាជរដ្ឋាភិបាលកម្ពុជា
ជួយកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធ
មានតម្កល់រូបថតភ្ជាប់ដោយជីវប្រវត្តិសង្ខេបរបស់វីរកងទ័ព ដែលបានពលីជីវិត
ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ
នៅទីតាំងណាមួយ ដើម្បីទុកជានិមិត្តរូបនៃវីរភាពដ៏អង់អាចក្លាហានរបស់ពួកគាត់
និងដើម្បីឱ្យប្រជាពលរដ្ឋ
បានគោរពដឹងគុណនិងចងចាំនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនទាំងអស់នោះ
បន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ត្រូវបានបញ្ចប់ជាស្ថាពរ។
ជាមួយគ្នានេះ
ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពវីរកងទ័ព
និងនគរបាល ដែលបានពលីជីវិតក្នុងជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ
និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ
វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក
សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងនគរបាលទាំងនោះ
បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment