កិច្ចប្រជុំផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ជូនដល់ស្ថាប័នការទូត និងអង្គការអន្តរជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដ៏សំខាន់មួយស្តីពី “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបណ្តាអង្គទូតនានាចំនួន ២៨ ប្រទេស និងអង្គការអន្តរជាតិចំនួន ៨ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្តឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលទើបត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បណ្តាអង្គទូត និងអង្គការអន្តរជាតិនានា។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃច្បាប់ រួមមាន បទល្មើសថ្មីចំនួន ៥ និងនីតិវិធីពិសេសថ្មី នៅក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានកំណត់នៅក្នុងមាត្រា ២១៕

















Post a Comment